ជំងឺកញ្ជ្រឹល

​កញ្ជ្រឹលគឺជាជំងឺងាយឆ្លងរាលដាលសម្បើមណាស់។ វាអាចធ្វើឱ្យឈឺធ្ងន់ និងដល់ថ្នាក់ស្លាប់ទៀតផង ជាពិសេសគឺក្មេងតូចៗ។ មានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការជំងឺកញ្ជ្រឹល។ វ៉ាក់សាំងជំងឺកញ្ជ្រឹលត្រូវបានណែនាំសម្រាប់អ្នកគ្រប់គ្នាដែលមានអាយុ 1 ឆ្នាំឡើងទៅ។ នៅរដ្ឋវ៉ាស៊ីនតោន ត្រូវចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹលទើបអាចចូលសាលារៀន និងមណ្ឌលថែទាំកុមារបាន។ បុគ្គលិក និងអ្នកស្ម័គ្រចិត្តដែលធ្វើការនៅមណ្ឌលថែទាំកុមារ ឬសាលាមត្តេយ្យក៏តម្រូវឱ្យចាក់ផងដែរ។ នៅសហរដ្ឋអាមេរិក វ៉ាក់សាំងជំងឺកញ្ជ្រឹលឈ្មោះ “Measles, Mumps and Rubella (MMR, កញ្ជ្រឹល ក្រឡទែន និងស្អូច)” និង “Measles, Mumps, Rubella and Varicella (MMRV, កញ្ជ្រឹល ក្រឡទែន ស្អូច និងអុតស្វាយ” គឺមានផ្ដល់ជូន។

ព័ត៌មានអំពីវីរុសកញ្ជ្រឹល                                                     

  • វីរុសកញ្ជ្រឹលផ្លាស់ទីតាមខ្យល់។ អ្នកអាចឆ្លងជំងឺកញ្ជ្រឹលបាន ប្រសិនបើអ្នកទៅជិតនរណាម្នាក់ដែលមានផ្ទុកវីរុស នេះ ព្រោះវីរុសនេះអាចរស់បានរហូតដល់ពីរម៉ោងក្នុងខ្យល់នៃបន្ទប់ដែលមនុស្សមានផ្ទុកជំងឺកញ្ជ្រឹលបានទៅ។
  • អ្នកអាចឆ្លងជំងឺកញ្ជ្រឹលពីបុគ្គលដែលបានឆ្លងរោគនេះ 4 ថ្ងៃ មុនពេលបុគ្គលនេះចេញកន្ទួល និងរហូតដល់ 4 ថ្ងៃ បន្ទាប់ពីចេញកន្ទួល។
  • ស្ទើរតែគ្រប់គ្នាដែលមិនមានភាពស៊ាំនឹងឆ្លងជំងឺកញ្ជ្រឹល ប្រសិនបើពួកគេបានប៉ះវីរុសកញ្ជ្រឹល។
  • ការធ្វើដំណើរទៅក្រៅប្រទេស ឬប៉ះពាល់ជាមួយអ្នកធ្វើដំណើរឆ្លងប្រទេសបង្កើនហានិភ័យក្នុងការឆ្លងជំងឺកញ្ជ្រឹល។

ជំងឺកញ្ជ្រឹល ឬហៅម្យ៉ាងទៀតថា ចំណុចក្រហម ងាយនឹងធ្វើឱ្យស្លាប់បំផុតក្នុងចំណោមជំងឺកុមារដែលមានរោគសញ្ញាគ្រុនក្ដៅ/កន្ទួល។ វាជាដើមហេតុនាំមុខគេនៃការស្លាប់ក្នុងចំណោមកុមារទូទាំងពិភពលោក។ U.S. Centers for Disease Control and Prevention (មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) នៃសហរដ្ឋអាមេរិកមានព័ត៌មានអំពីការផ្ទុះជំងឺកញ្ជ្រឹលទូទាំងប្រទេស (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។

ការការពារដ៏ល្អបំផុតទល់នឹងជំងឺកញ្ជ្រឹលគឺចាក់វ៉ាក់សាំង។ វ៉ាក់សាំងជំងឺកញ្ជ្រឹលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ត្រូវប្រាកដថាការពារខ្លួនអ្នក និងកូនៗរបស់អ្នកដោយចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹល ក្រឡទែន និងស្អូច (MMR) (តំណភ្ជាប់មានជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។

រោគសញ្ញាជំងឺកញ្ជ្រឹល

An infant with measles

ជំងឺកញ្ជ្រឹលចាប់ផ្ដើមដោយអាការៈ៖

  • គ្រុនក្តៅ
  • រាករូស
  • ក្អក
  • ហៀរសំបោរ
  • ភ្នែកក្រហម និងហៀរទឹកភ្នែក
  • អស់កម្លាំង

ក្រោយពេលពីរបីថ្ងៃ ចាប់ផ្ដើមចេញកន្ទួល ដែលជាធម្មតាចេញលើមុខមុនគេ ហើយអាចរាលដាលពេញរាងកាយ។

សម្រាប់មនុស្សមួយចំនួន ជាពិសេសមនុស្សដែលមានជំងឺរ៉ាំរ៉ៃ មានផ្ទៃពោះ ឬខ្វះអាហារូបត្ថម្ភ ជំងឺកញ្ជ្រឹលក៏បង្កឱ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជារលាកសួត ខូចខួរក្បាល ខ្វាក់ភ្នែក ថ្លង់ និងស្លាប់ផងដែរ។

ជំងឺកញ្ជ្រឹលជារឿយៗកើតឡើងរយៈពេល 7 ទៅ 10 ថ្ងៃ។

អំពីវ៉ាក់សាំង MMR

វ៉ាក់សាំង MMR (តំណភ្ជាប់មានជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) ការពារទល់នឹងជំងឺកញ្ជ្រឹល ក្រឡទែន និងស្អូច។ វ៉ាក់សាំងមួយទៀតដែលមានឈ្មោះ MMRV ការពារទល់នឹងជំងឺទាំង 3 នេះ និងជំងឺអុតស្វាយផងដែរ។ វ៉ាក់សាំងជំងឺកញ្ជ្រឹលតែមួយមុខមិនមានផ្ដល់ជូននៅសហរដ្ឋអាមេរិកទេ។

កុមារគួរតែចាក់ 2 ដូស៖ 1 ដូសនៅចន្លោះអាយុ 12 ទៅ 15 ខែ ហើយដូសទី 2 នៅចន្លោះអាយុ 4 ទៅ 6 ឆ្នាំ។ ប្រសិនបើគ្រួសាររបស់អ្នកនឹងធ្វើដំណើរចេញក្រៅសហរដ្ឋអាមេរិក ទារករបស់អ្នកអាចចាក់ដូសបន្ថែមនៅចន្លោះអាយុ 6 ទៅ 12 ខែ។

មនុស្សពេញវ័យដែលកើតក្រោយឆ្នាំ 1956 អាចនឹងត្រូវចាក់វ៉ាក់សាំង MMR ចំនួន 1 ដូស ប្រសិនបើពួកគេមិនទាន់ចាក់ទេ។

សូមពិគ្រោះជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីចាក់វ៉ាក់សាំង MMR ឬ MMRV សម្រាប់កូនៗរបស់អ្នក។ រដ្ឋវ៉ាស៊ីនតោនផ្ដល់វ៉ាក់សាំង MMR និង MMRV ដោយឥតគិតថ្លៃសម្រាប់កុមាររហូតដល់អាយុ 18 ឆ្នាំ ហើយមានផ្ដល់ជូនពីអ្នកផ្ដល់សេវាថែទាំសុខភាពនៅទូទាំងរដ្ឋ។ អ្នកផ្ដល់សេវាអាចគិតថ្លៃទៅជួបនៅការិយាល័យ និងថ្លៃសេវាក្នុងការចាក់វ៉ាក់សាំង ដែលគេហៅថាថ្លៃសេវារដ្ឋបាល។ ទោះយ៉ាងណា ប្រសិនបើអ្នកគ្មានលទ្ធភាពបង់ថ្លៃសេវារដ្ឋបាលទេ អ្នកអាចស្នើឱ្យអ្នកផ្ដល់សេវារបស់អ្នកមិនយកថ្លៃសេវានេះបាន។

បើអ្នកឬកូនអ្នកបានចាក់វ៉ាក់សាំង MMR, MMRV ឬវ៉ាក់សាំងជំងឺកញ្ជ្រឹលផ្សេងទៀតពីមុនមក ប៉ុន្តែអ្នកគ្មានកំណត់ត្រាវេជ្ជ​សាស្ត្រដែលបង្ហាញពីការចាក់វ៉ាក់សាំងទេ អ្នកឬកូនអ្នកអាចនឹងត្រូវចាក់វ៉ាក់សាំង MMR ឬ MMRV ឡើងវិញ 1 ដូស។ ការចាក់ ដូសបន្ថែមនៃវ៉ាក់សាំងមិនបង្កឱ្យមានគ្រោះថ្នាក់ទេ ទោះបីជាបុគ្គលនោះធ្លាប់ចាក់ពីមុនហើយក៏ដោយ។

នៅរដ្ឋវ៉ាស៊ីនតោន បុគ្គលិក និងអ្នកស្ម័គ្រចិត្តក្នុងមណ្ឌលថែទាំកុមារ, Early Childhood Education and Assistance Program (ECEAP, កម្មវិធីអប់រំកុមារកម្រិតដំបូង និងការផ្ដល់ជំនួយ) និងកម្មវិធី Head Start (បំប៉នពីកម្រិតដំបូង) ត្រូវបានតម្រូវឱ្យចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល។

បើអ្នកមិនចង់ចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹលមួយដូសទៀតទេ អ្នកអាចស្នើឱ្យគ្រូពេទ្យធ្វើតេស្តមើលថាអ្នកមានភាពស៊ាំឬអត់។ គេហៅតេស្តនេះថា តេស្តវាស់កម្រិតអង់ទីករ។ ការធានារ៉ាប់រងប្រហែលជាមិនរ៉ាប់រងលើតេស្តនេះទេ។

ក្រោកឈររួមគ្នាការពារយើងទាំងអស់គ្នា៖ រឿងរ៉ាវរបស់ Jaxon

អ្នកស្រី Paula Abalahin មកពីទីក្រុងផតអរឈើត នៃរដ្ឋវ៉ាស៊ីនតោន បានប្រាប់រឿងរ៉ាវអំពីកូនប្រុសរបស់គាត់ឈ្មោះ Jaxon៖

Paula hugging Jaxon

 
កូនប្រុសខ្ញុំឈ្មោះ Jaxon បានកើតជំងឺកញ្ជ្រឹលនៅពេលគេមានអាយុ 7 ខែ ដែលជាអាយុក្មេងពេកមិនទាន់អាចចាក់វ៉ាក់សាំងបាន។ គេបានធូរស្បើយឡើងវិញ ប៉ុន្តែ 5 ឆ្នាំក្រោយមក គេចាប់ផ្ដើមមានរោគប្រគ្រីវកាច់។ គេលេប និយាយ និងដើរលែងកើត។ បន្ទាប់ពីរងទុក្ខយ៉ាងខ្លាំង Jaxon បានស្លាប់ពីរបីឆ្នាំក្រោយមក។ បញ្ហាសុខភាពរបស់គេបង្កឡើងដោយវីរុសកញ្ជ្រឹល។

“នេះជាមេរៀនឱ្យយើងដឹងថា ទោះបីជាមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពក៏ដោយ ក៏ជំងឺកញ្ជ្រឹលនៅតែជាដើមហេតុនាំមុខគេនៃការស្លាប់ក្នុងចំណោមក្មេងតូចៗនៅទូទាំងពិភពលោក។ ហើយនៅក្នុងសហគមន៍យើង មាតាបិតាមិនបាននាំកូនៗទៅចាក់វ៉ាក់សាំងគ្រប់ចំនួនទេ ជាហេតុធ្វើឱ្យពួកគេប្រឈមហានិភ័យក្នុងការឆ្លង និងចម្លងជំងឺកញ្ជ្រឹល ក៏ដូចជាជំងឺកាចសាហាវផ្សេងទៀត។ ខ្ញុំសង្ឃឹមថា រឿងរ៉ាវរបស់ខ្ញុំអាចជួយទប់ស្កាត់កុំឱ្យកុមារផ្សេងទៀតជួបរឿងដូចកូនប្រុសរបស់ខ្ញុំ។”

ធនធានសម្រាប់ជំងឺកញ្ជ្រឹល

ធនធានសម្រាប់ជំងឺកញ្ជ្រឹលមានជាភាសាអង់គ្លេសប៉ុណ្ណោះ