តើអ្វីជាជំងឺវីរុសអ៊ីបូឡា និងជំងឺវីរុសម៉ាប៊ឺក?
ជំងឺវីរុសអ៊ីបូឡា (EVD) និងជំងឺវីរុសម៉ាប៊ឺក (MVD) សុទ្ធតែជាជំងឺកម្រ និងធ្ងន់ធ្ងរដែលបង្កឡើងដោយវីរុសផ្សេងគ្នា។ ពួកវាស្ថិតក្នុងក្រុមជំងឺដែលគេហៅថា គ្រុនក្ដៅហូរឈាមដែលបង្កឡើងដោយវីរុស (VHFs)។
ពួកវាជាជំងឺពីរផ្សេងគ្នាដែលបង្កឡើងដោយវីរុសខុសគ្នា ប៉ុន្តែជំងឺដែលពួកវាបង្កឡើងមានភាពស្រដៀងគ្នា។ ហេតុនេះ អ្នកផ្ដល់សេវាថែទាំសុខភាព និងស្ថាប័នសុខភាពសាធារណៈព្យាបាលជំងឺទាំងនេះដោយវិធីស្រដៀងគ្នា។
តើជំងឺទាំងនេះចម្លងដូចម្ដេច?
អ្នកអាចឆ្លងជំងឺ EVD ឬ MVD ប្រសិនបើសារធាតុរាវនៃរាងកាយរបស់អ្នកជំងឺដែលមានផ្ទុក (ឬបានស្លាប់ដោយសារ) មួយក្នុងចំណោមជំងឺទាំងនេះខ្ទាតចូលភ្នែក ច្រមុះ មាត់ ឬស្បែកមានរបួសរបស់អ្នក។
សារធាតុរាវនៃរាងកាយរួមមាន៖
- ឈាម
- ទឹកមាត់ (ស្ដោះ)
- ញើស
- ទឹកនោម (នោម)
- លាមក (អាចម៍)
- ក្អួត (កម្អួត)
- ទឹកដោះ
- ទឹកភ្លោះ (សារធាតុរាវជុំវិញទារកលូតលាស់ក្នុងរាងកាយ)
- ទឹកកាម
សារធាតុរាវនៅតែអាចបង្កជំងឺបាន ទោះបីជាវាស្ងួតក៏ដោយ។
មនុស្សដែលធ្វើការក្នុងមជ្ឈដ្ឋានថែទាំសុខភាព (ដូចជាគិលានុបដ្ឋាក និងវេជ្ជបណ្ឌិត) សមាជិកគ្រួសារជិតដិតកំពុងថែទាំសាច់ញាតិដែលឈឺ និងមនុស្សចូលរួមក្នុងសកម្មភាពបូជាសព និងបញ្ចុះសពសុទ្ធតែប្រឈមនឹងហានិភ័យខ្ពស់បំផុត។
មនុស្សដែលមិនបានថែទាំ ឬមិនបានប៉ះពាល់ជាមួយអ្នកជំងឺដែលមានផ្ទុកជំងឺ EVD ឬ MVD ស្ទើរតែគ្មានហានិភ័យសោះ។
តើអ្វីខ្លះជារោគសញ្ញានៃជំងឺទាំងនេះ?
មិនមានរោគសញ្ញាដែលកើតឡើងតែជាមួយជំងឺទាំងនេះនោះទេ។ អារម្មណ៍មិនស្រួលខ្លួនដោយសារជំងឺ EVD ឬ MVD អាចរួមមាន៖
- គ្រុនក្ដៅ
- ឈឺក្បាល ឬឈឺខ្លួន
- កន្ទួល
- ខ្សោយ ឬអស់កម្លាំង
- ឈឺបំពង់ក
- រាករូស (អាចម៍រាវ)
- ក្អួត (កម្អួត)
- ចុកពោះ
- ហូរឈាម ឬជាំសាច់ដោយមិនដឹងមូលហេតុ
តើមានឱសថ ឬវ៉ាក់សាំងប្រភេទអ្វីខ្លះ?
មិនមានវ៉ាក់សាំងដែលនឹងបង្ការជំងឺ MVD ហើយក៏គ្មានឱសថព្យាបាលអ្នកដែលមានផ្ទុកជំងឺនេះដែរ។ មានវ៉ាក់សាំងមួយសម្រាប់បង្ការប្រភេទខ្លះនៃជំងឺ EVD ប៉ុន្តែវ៉ាក់សាំងនេះមានផ្ដល់ជូនតែអ្នកធ្វើការផ្នែកថែទាំសុខភាព ដែលទំនងជាធ្វើការជាមួយអ្នកជំងឺ EVD ប៉ុណ្ណោះ។ ក៏មានឱសថព្យាបាលប្រភេទខ្លះនៃជំងឺ EVD ផងដែរ។ អ្នកជំងឺដែលមានផ្ទុក EVD ឬ MVD គួរតែស្វែងរកការថែទាំសុខភាព។ ឱកាសរស់រានមានច្រើនជាង ប្រសិនបើចាប់ផ្ដើមការថែទាំវេជ្ជសាស្ត្រមុនពេល។
ចុះបើខ្ញុំបានធ្វើដំណើរទៅប្រទេសដែលមានជំងឺ EVD ឬ MVD?
តើខ្ញុំប្រឈមនឹងហានិភ័យដែរទេ?
មានតែពីរបីប្រទេសប៉ុណ្ណោះដែលបានផ្ទុះជំងឺ EVD ឬ MVD។ ទោះយ៉ាងណា ទោះជាអ្នកធ្វើដំណើរទៅប្រទេសទាំងនេះក៏ដោយ ក៏អ្នកទំនងជាមិនឆ្លងជំងឺនេះដែរ ប្រសិនបើអ្នកមិនប៉ះសារធាតុរាវនៃរាងកាយរបស់អ្នកជំងឺដែលមានផ្ទុក ឬបានស្លាប់ដោយសារជំងឺនេះ។ អ្នកប្រឈមនឹងហានិភ័យកាន់តែខ្ពស់ ប្រសិនបើអ្នក៖
- ធ្វើការក្នុងមជ្ឈដ្ឋានថែទាំសុខភាព (ដូចជាគិលានុបដ្ឋាក និងវេជ្ជបណ្ឌិត)
- ថែទាំសមាជិកគ្រួសារជិតដិត ឬសាច់ញាត់ដែលឈឺ
- ចូលរួមក្នុងសកម្មភាពបូជាសព ឬបញ្ចុះសព
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីបង្ការជំងឺ EVD ឬ MVD?
ជៀសវាងការប៉ះពាល់ជាមួយអ្នកជំងឺ និងជៀសវាងការប៉ះពាល់ឈាម ឬសារធាតុរាវនៃរាងកាយពីនរណាម្នាក់។ លាងដៃជាមួយសាប៊ូ និងទឹកជាប្រចាំ។ កុំប៉ះសាកសព ក្នុងអំឡុងសកម្មភាពបូជាសព ឬបញ្ចុះសព។
តើខ្ញុំត្រូវធ្វើអ្វីខ្លះ ក្រោយពេលធ្វើដំណើរ?
ប្រសិនបើអ្នកបានធ្វើដំណើរទៅតំបន់ដែលមានផ្ទុះជំងឺ EVD ឬ MVD គួរពិនិត្យមើលខ្លួនអ្នកក្រែងលោមានរោគសញ្ញា (ជាពិសេសគ្រុនក្ដៅ) រយៈពេល 21 ថ្ងៃ ក្រោយពេលចាកចេញពីប្រទេសនោះ។ ប្រសិនបើអ្នកចាប់ផ្ដើមមិនស្រួលខ្លួន ជៀសវាងការប៉ះពាល់ជាមួយអ្នកផ្សេងទៀត ហើយហៅទូរសព្ទទៅមន្ទីរសុខាភិបាលក្នុងតំបន់របស់អ្នក (ជាភាសាអង់គ្លេស)។ ប្រសិនបើអ្នកស្វែងរកការថែទាំសុខភាព គួរប្រាប់ពួកគេភ្លាមៗអំពីការធ្វើដំណើររបស់អ្នក។