ខ្សែទូរសព្ទសង្គ្រោះជីវិតពេលមានវិបត្តិ និងអត្តឃាត 988

Person holding phone with 988 contact information in Khmer

Lifeline ពេលមានវិបត្តិ និងអត្តឃាត 988៖ ឥឡូវនេះ មានផ្ដល់ជូនកម្រងដំណោះស្រាយសម្រាប់ដៃគូ (PDF ជាភាសាអង់គ្លេស)។ ​កម្រងដំណោះស្រាយនេះមានធនធាន ប្រព័ន្ធផ្ញើសារ និងគំនិតច្នៃប្រឌិតនានានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នកអាចប្រើប្រាស់ ដើម្បីចែករំលែកព័ត៌មានអំពី 988 Lifeline (ខ្សែទូរសព្ទសង្គ្រោះជីវិត 988) ជាមួយទស្សនិកជនរបស់អ្នក។ កម្រងដំណោះស្រាយនេះមានសារបង្ហោះ និងរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាភាសាអង់គ្លេស និងអេស្ប៉ាញ។

សម្រាប់សំណួរអំពី 988 Program (កម្មវិធី 988) នៅ Washington State Department of Health (ក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីនតោន) សូមផ្ញើអ៊ីមែលទៅ 988ProgramInfo@doh.wa.gov។ កុំប្រើប្រអប់សារនេះ ប្រសិនបើអ្នក ឬនរណាម្នាក់​ដែល​អ្នកស្គាល់ត្រូវការជំនួយដោះស្រាយវិបត្តិ។ ជំនួសមកវិញ សូមហៅទូរសព្ទ ផ្ញើសារជាអក្សរ ឬផ្ញើសារជជែកទៅ 988 Lifeline។

ហៅទូរសព្ទ ផ្ញើសារជាអក្សរ ឬផ្ញើសារជជែកទៅលេខ 988 (ជាភាសាអង់គ្លេស និងអេស្ប៉ាញ) ដើម្បីភ្ជាប់ទៅ Lifeline ពេលមានវិបត្តិ និងអត្តឃាត 988។ 988 Lifeline រក្សាការសម្ងាត់ ឥតគិតថ្លៃ និងបម្រើសេវា 24/7/365។

អ្នកអាចទាក់ទងមក 988 Lifeline ដើម្បីទទួលបានជំនួយ​ពាក់ព័ន្ធនឹង៖

  • គំនិតចង់ធ្វើអត្តឃាត
  • វិបត្តិសុខភាពផ្លូវចិត្ត
  • ក្ដីកង្វល់អំពីការប្រើប្រាស់សារធាតុញៀន
  • ទុក្ខព្រួយផ្លូវអារម្មណ៍ក្នុងប្រភេទផ្សេងទៀត

អ្នកក៏អាចទាក់ទងមក 988 Lifeline បានផងដែរ ប្រសិនបើអ្នកបារម្ភអំពីមនុស្សជាទីស្រឡាញ់ដែលអាចនឹងត្រូវការជំនួយដោះស្រាយវិបត្តិ។

ស្លាកលេខរថយន្តនៃ Lifeline ពេលមានវិបត្តិ និងអត្តឃាត 988

សាធារណជនអាចទិញស្លាកលេខរថយន្តបង្ការការធ្វើអត្តឃាតដែលជួយគាំទ្រដល់ Veteran and Military Member Suicide Prevention Account នៅ Department of Veterans Affairs (DVA, ក្រសួងកិច្ចការអតីតអ្នកបម្រើការ)។ សូមចូលទៅកាន់គេហទំព័រ Department of Licensing (ក្រសួងផ្ដល់អាជ្ញាបណ្ណ) (ផ្ដល់ជូនជា 6 ភាសា) ដើម្បីបញ្ជា​ទិញស្លាកលេខ។ ស្វែងយល់បន្ថែមនៅលើទំព័រវិបគ្រឿងសម្គាល់បញ្ចៀសអត្តឃាតរបស់ DVA (ជាភាសាអង់គ្លេស)។

សេវា 988 Lifeline មានផ្ដល់ជូនជាភាសាអេស្ប៉ាញ និង American Sign Language (ASL, ភាសាសញ្ញាអាមេរិក) រួមជាមួយសេវាបកប្រែផ្ទាល់មាត់ជាង 240 ភាសា។

ប្រសិនបើអ្នកថ្លង់ ពិបាកស្ដាប់ ឬប្រើប្រាស់ TTY អ្នកអាចប្រើសេវាបញ្ជូនបន្តដែលអ្នកចង់ប្រើបាន។ អ្នកក៏អាចចុចទៅលេខ 711 រួចហើយចុចលេខ 988។

អ្នកអាចទទួលបានជំនួយដោះស្រាយវិបត្តិជាភាសា ASL ដោយចូលទៅកាន់ 988lifeline.org ជ្រើសរើសតំណ “For Deaf & Hard of Hearing (សម្រាប់មនុស្សថ្លង់ និងពិបាកស្ដាប់)” និងជ្រើសរើស “ASL Now (ASL ឥឡូវនេះ)” នៅលើទំព័របន្ទាប់។

988 មិនប្រើសម្រាប់ជំនួសមជ្ឈមណ្ឌលហៅទូរសព្ទដោះស្រាយវិបត្តិណាមួយក្នុងរដ្ឋវ៉ាស៊ីនតោនឡើយ។ ខ្សែទូរសព្ទនេះគឺជាការបន្ថែមពីលើបណ្ដាញអ្នកផ្ដល់សេវារបស់មជ្ឈមណ្ឌលដោះស្រាយវិបត្តិរបស់រដ្ឋ។ មិនមានការផ្លាស់ប្ដូរចំពោះការបញ្ជូនក្រុមការងារឆ្លើយតបនឹងវិបត្តិចល័ត និងអ្នកឆ្លើយតបនឹងវិបត្តិដែលបានចាត់តាំង ឬមុខងាររបស់សេវាដោះស្រាយវិបត្តិក្នុងតំបន់ណាមួយផ្សេងទៀតឡើយ។ មជ្ឈមណ្ឌលដោះស្រាយវិបត្តិ 988 Lifeline នឹងបន្តប្រតិបត្តិការតាមស្តង់ដារជាតិ ហើយនឹងភ្ជាប់ជាមួយសេវា 911 ក៏ដូចជាសេវាដោះស្រាយវិបត្តិក្នុងតំបន់ដូចដែលពួកគេធ្លាប់បានធ្វើ។

អំពី 988 Lifeline

  • អ្នកអាចហៅទូរសព្ទ ផ្ញើសារជាអក្សរ ឬផ្ញើសារជជែកទៅ 988 Lifeline តាមទូរសព្ទដៃ ទូរសព្ទលើតុ ឬឧបករណ៍ទំនាក់ទំនងជាសំឡេងតាមអ៊ីនធឺណិតរបស់អ្នក។
  • នៅពេលអ្នកទាក់ទងទៅ 988 Lifeline អ្នកនឹងត្រូវបានភ្ជាប់ទៅកាន់អ្នកប្រឹក្សាដោះស្រាយវិបត្តិដែលឆ្លងកាត់ការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលដោះស្រាយវិបត្តិ 988 Lifeline។
  • Lifeline រក្សាការសម្ងាត់ ឥតគិតថ្លៃ និងបម្រើសេវា 24/7/365។ ខ្សែទូរសព្ទនេះ​ភ្ជាប់​មនុស្ស​ដែល​មាន​វិបត្តិ​ផ្លូវចិត្ត ឬប៉ុនប៉ង​ធ្វើ​អត្តឃាតជាមួយ​អ្នក​ប្រឹក្សា​វិបត្តិ​ដែល​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល។ ប្រសិនបើអ្នក​បារម្ភ​អំពី​មនុស្សជា​ទី​ស្រលាញ់​ដែល​អាច​នឹង​ត្រូវការ​ជំនួយ​ដោះស្រាយ​វិបត្តិ អ្នកក៏អាច​ហៅ​ទូរសព្ទ​ទៅ 988 Lifeline បានផងដែរ។
  • នៅពេលទាក់ទងទៅលេខ 988 អ្នកមិនចាំបាច់​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន ដើម្បី​ទទួល​បាន​សេវា​នោះ​ទេ។ ការហៅទូរសព្ទ ការផ្ញើសារជាអក្សរ និងការផ្ញើសារជជែក អាចត្រូវបានតាមដាន ឬថតទុកក្នុងគោល​បំណង​ធានា​គុណភាព ឬបណ្ដុះបណ្ដាល។ ប្រព័ន្ធបណ្ដាញមានប្រព័ន្ធការពារសុវត្ថិភាពជាច្រើន ដើម្បីដោះស្រាយក្ដីកង្វល់អំពីឯកជនភាព។

សេវា 988 Lifeline សម្រាប់ក្រុមមនុស្សជាក់លាក់

ខ្សែទូរសព្ទពេលមានវិបត្តិសម្រាប់អតីតអ្នកបម្រើការ

ប្រសិនបើអ្នកជាអតីតយុទ្ធជន ឬមានក្ដីបារម្ភអំពីអតីតអ្នកបម្រើការ សូមចុចទៅលេខ 988 រួចចុចលេខ 1 ដើម្បីភ្ជាប់ទៅកាន់ខ្សែទូរសព្ទពេលមានវិបត្តិសម្រាប់អតីតអ្នកបម្រើការ (ជាភាសាអង់គ្លេស និងអេស្ប៉ាញ) អ្នកក៏អាចផ្ញើសារជជែកតាមអ៊ីនធឺណិត (ជាភាសាអង់គ្លេស និងអេស្ប៉ាញ) ឬផ្ញើសារជាអក្សរទៅលេខ 838255។ ខ្សែទូរសព្ទពេលមានវិបត្តិសម្រាប់អតីតអ្នកបម្រើការបម្រើសេវាដល់អតីតយុទ្ធជន កងកម្លាំងប្រដាប់អាវុធ ឆ្មាំជាតិ និងទាហានបម្រុង ព្រមទាំងជនទាំងឡាយដែលជួយគាំទ្រពួកគាត់។ អ្នកមិនចាំបាច់ចុះឈ្មោះក្នុងអត្ថប្រយោជន៍ VA ឬការថែទាំសុខភាព ដើម្បីហៅទូរសព្ទនោះទេ។

ខ្សែទូរសព្ទជាភាសាអេស្ប៉ាញ

ដើម្បីទទួលបានជំនួយដោះស្រាយវិបត្តិជាភាសាអេស្ប៉ាញ អ្នកអាចហៅទូរសព្ទ ផ្ញើសារជាអក្សរ ឬផ្ញើសារជជែកទៅ 988 Lifeline រួចជ្រើសយកជម្រើសទី 2។

អ្នកអាចទទួលបានជំនួយជាភាសាផ្សេងទៀតក្រៅពីភាសាអង់គ្លេស ឬអេស្ប៉ាញដោយហៅទូរសព្ទទៅលេខ 988 Lifeline និងប្រាប់ឈ្មោះភាសាដែលអ្នកត្រូវការ។ Lifeline ផ្ដល់នូវសេវាបកប្រែផ្ទាល់មាត់ជាង 240 ភាសា និងគ្រាមភាសា។ សេវាទាំងនេះមានផ្ដល់ជូន 24/7/365។

ខ្សែទូរសព្ទបណ្ដាញរងសម្រាប់យុវជន LGBTQI+

988 Lifeline មានខ្សែទូរសព្ទឯកទេសសម្រាប់មនុស្សជំទង់ និងមនុស្សវ័យក្មេងពេញវ័យ (LGBTQIA2S+) ដែលជាប្រភេទស្រីស្រឡាញ់ស្រី, បុរសស្រឡាញ់បុរស, អ្នកស្រឡាញ់ភេទទាំងពីរ, អ្នកប្ដូរភេទ, អ្នកដែលមិនទាន់ប្រាកដឬស្គាល់ច្បាស់ពីយេនឌ័ររបស់ខ្លួន, អ្នកមានភេទប្រុសផងស្រីផង, អ្នកគ្មានចំណង់ផ្លូវភេទ និងអ្នកដែលមានអារម្មណ៍ជាមនុស្សប្រុសផងស្រីផង ដែលមានអាយុចន្លោះពី 13 ឆ្នាំ ដល់ 24 ឆ្នាំ។

ដើម្បីភ្ជាប់ជាមួយអ្នកប្រឹក្សាដោះស្រាយវិបត្តិដែលអាចផ្ដល់ជំនួយបញ្ជាក់អត្តសញ្ញាណ LGBTQIA2s+ អ្នកអាចហៅទូរសព្ទ ផ្ញើសារជាអក្សរ ឬផ្ញើសារជជែកទៅលេខ 988 រួចជ្រើសយកជម្រើសទី 3។

ជនជាតិ​ដើម​អាមេរិក និង​ជនជាតិ​ដើម​អាឡាស្កា

Native and Strong Lifeline (ខ្សែ​ទូរសព្ទ​សង្គ្រោះ​ជីវិត​ដ៏​រឹងមាំ និង​ជនជាតិ​ដើម) (ជាភាសាអង់គ្លេស) គឺជាកម្មវិធីដំបូងគេក្នុងចំណោមប្រភេទកម្មវិធីនៅក្នុងរដ្ឋដែលបង្កើតឡើងដើម្បីបម្រើសេវាដល់ជនជាតិដើមអាមេរិក និងជនជាតិដើមអាឡាស្កា។ ដំណើរការដោយ Volunteers of America Western Washington (អ្នកស្ម័គ្រចិត្តនៃរដ្ឋវ៉ាស៊ីនតោនភាគខាងលិចអាមេរិក) ខ្សែទូរសព្ទនេះបម្រើសេវាដល់អ្នកដែលហៅទូរសព្ទទៅ 988 Lifeline និងជ្រើសយកជម្រើសទី 4។ កម្មវិធីនេះត្រូវបានបង្កើតជាពិសេសសម្រាប់សហគមន៍ជនជាតិដើមអាមេរិក និងជនជាតិដើមអាឡាស្កា។

ការហៅទូរសព្ទត្រូវបានឆ្លើយដោយអ្នកប្រឹក្សាដោះស្រាយវិបត្តិជាជនជាតិដើមដែលជាសមាជិកកុលសម្ព័ន្ធ និងជាកូនចៅជំនាន់ក្រោយរបស់សហគមន៍ពួកគេ។ អ្នកប្រឹក្សា Native and Strong Lifeline បានឆ្លងកាត់ការបណ្ដុះបណ្ដាលពេញលេញអំពីការអន្តរាគមន៍ និងជំនួយដោះស្រាយវិបត្តិ ជាមួយនឹងការផ្ដោតជាពិសេសលើទម្លាប់អនុវត្តវប្បធម៌ និងប្រពៃណីពាក់ព័ន្ធនឹងការព្យាបាល។

អ្នកដែលប្រើប្រាស់ភាសាសញ្ញាអាមេរិក (ASL)

Lifeline ពេលមានវិបត្តិ និងអត្តឃាត 988 ផ្ដល់សេវា ASL សម្រាប់មនុស្សមានវិបត្តិ។

ដើម្បីទទួលបានជំនួយឥឡូវនេះជាភាសា ASL អ្នកអាច​អនុវត្ត​តាមជំហានទាំងនេះ៖

  • ចូលទៅកាន់ 988lifeline.org
  • ជ្រើសរើសតំណ “For Deaf & Hard of Hearing (សម្រាប់មនុស្សថ្លង់ និងពិបាកស្ដាប់)”
  • ជ្រើសរើស “ASL Now (ASL ឥឡូវនេះ)” នៅលើទំព័របន្ទាប់

អ្នកក៏អាចហៅទូរសព្ទទៅ 1-800-273-TALK (8255) ពីទូរសព្ទរបស់អ្នក ដើម្បីទទួលបានជំនួយ​ដោះស្រាយ​វិបត្តិសម្រាប់ខ្លួនអ្នក ឬមនុស្សជាទីស្រឡាញ់បានផងដែរ។

House Bill 1477 និងការបង្កើតសេវា 988

នៅឆ្នាំ 2020 Federal Communications Commission (FCC, គណៈកម្មការទំនាក់ទំនងសហព័ន្ធ) បានអនុម័ត National Suicide Hotline Designation Act (ច្បាប់ស្ដីពីការចាត់ចែងខ្សែទូរសព្ទបន្ទាន់ជាតិផ្នែកធ្វើអត្តឃាត)។ ច្បាប់នេះបានកំណត់យកលេខ 988 ជាលេខថ្មីប្រើ​ទូទាំង​ប្រទេស សម្រាប់បុគ្គលទាំងឡាយដែលកំពុង​ជួបវិបត្តិ​សុខភាពផ្លូវចិត្ត ដោយរួមបញ្ចូលការប៉ុនប៉ងធ្វើអត្តឃាត។ អ្នកអាចប្រើ​លេខ 3 ខ្ទង់​ដែល​ងាយ​ចងចាំនេះ ដើម្បី​ហៅ​ទូរសព្ទ ឬផ្ញើ​សារ​ជា​អក្សរទៅ 988 Lifeline បាន។ អ្នកក៏អាចផ្ញើសារជជែកតាមអ៊ីនធឺណិត (ជាភាសាអង់គ្លេស និងអេស្ប៉ាញ) បានផងដែរ។

អង្គនីតិបញ្ញត្តិនៃរដ្ឋវ៉ាស៊ីនតោនបានអនុម័ត House Bill (សេចក្ដីព្រាងច្បាប់) 1477 Engrossed Second Substitute House Bill (E2SHB, សេចក្ដីព្រាងច្បាប់ជំនួសទីពីរដែលបានបង្កើត) 1477) (PDF) (ជាភាសាអង់គ្លេស) ដើម្បីគាំទ្រដល់ខ្សែទូរសព្ទសង្គ្រោះជីវិតពេលមានវិបត្តិ និងអត្តឃាត 988 បន្ថែមពីលើការពង្រីក និងធ្វើឱ្យសេវាបង្ការការធ្វើអត្តឃាត ក៏ដូចជាការឆ្លើយតបនឹងវិបត្តិសុខភាពមានភាពប្រសើរឡើងសម្រាប់អ្នកគ្រប់គ្នាក្នុងរដ្ឋវ៉ាស៊ីនតោន។ E2SHB 1477 ក៏ត្រូវបានគេស្គាល់ថាជា Crisis Call Center Hubs and Crisis Services Act (ច្បាប់ស្ដីពីមជ្ឈមណ្ឌលហៅទូរសព្ទដោះស្រាយវិបត្តិ និងសេវាដោះស្រាយវិបត្តិ) ផងដែរ។ E2SHB 1477 ត្រូវបានចុះហត្ថលេខាអនុម័តដោយលោកអភិបាលរដ្ឋ Jay Inslee នៅថ្ងៃទី 13 ខែឧសភា ឆ្នាំ 2021។

E2SHB 1477 ក៏បានបង្កើតគណៈកម្មាធិការ Crisis Response Improvement Strategy (CRIS, យុទ្ធសាស្ត្រកែលម្អការឆ្លើយតបនឹងវិបត្តិ) និងគណៈកម្មាធិការអចិន្ត្រៃយ៍ផងដែរ។ គណៈកម្មាធិការទាំងនេះនឹងរៀបចំការណែនាំដល់អភិបាលរដ្ឋ និងអង្គនីតិបញ្ញត្តិ ដើម្បីជួយអនុវត្តលេខ 988 និងផ្នែកនានានៃច្បាប់ E2SHB 1477 របស់ជាតិ។ ប្រសិនបើអ្នកចង់ចូលរួមក្នុងនាមជាសមាជិកនៃសាធារណជន អ្នកអាចចុះឈ្មោះចូលរួមកិច្ចប្រជុំ និងដាក់បញ្ជូនមតិសាធារណជន (មានជាភាសាអង់គ្លេស)។

សម្រាប់ព័ត៌មានលម្អិតពេញលេញ សូមមើលគេហទំព័រ Crisis Response Improvement Strategy (CRIS) (ជាភាសាអង់គ្លេស)។

សូមអាន 2023 988 Legislative Report (របាយការណ៍នីតិប្បញ្ញត្តិ 988 ឆ្នាំ 2023) (ជាភាសាអង់គ្លេស)

House Bill 1134

នៅឆ្នាំ 2023 អង្គនីតិបញ្ញត្តិនៃរដ្ឋវ៉ាស៊ីនតោនបានអនុម័ត House Bill (HB, សេចក្ដីព្រាងច្បាប់) 1134 (មានជាភាសាអង់គ្លេស) ដើម្បីជួយអនុវត្ត Lifeline ពេលមានវិបត្តិ និងអត្តឃាត 988។

សេចក្ដីព្រាងច្បាប់នេះពង្រីកសេវាសង្គ្រោះពេលមានវិបត្តិនៅរដ្ឋវ៉ាស៊ីនតោន ដោយបង្កើតការឧបត្ថម្ភដល់​ក្រុម​ការងារឆ្លើយតបនឹងវិបត្តិរហ័ស និងផ្ដល់មូលនិធិ​ដល់​អង្គភាពចល័តទាំងនេះ ព្រមទាំងបណ្ដុះបណ្ដាល​អ្នកឆ្លើយតប។

យោងតាមសេចក្ដីព្រាងច្បាប់នេះ University of Washington ក៏នឹងផ្ដល់អនុសាសន៍ដល់ក្រុមការងារដោះស្រាយវិបត្តិ និងការបណ្ដុះបណ្ដាលអំពីភាពអំណត់ដល់បុគ្គលិកផ្នែកថែទាំសុខាភាពឥរិយាបថនៅវ៉ាស៊ីនតោនផងដែរ។ Department of Health នឹងបង្កើតយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមមួយដែលផ្សព្វផ្សាយអំពី 988 Lifeline បន្ថែមពីលើឯកសារព័ត៌មានដែលពន្យល់អំពីខ្សែទូរសព្ទ 988 របៀបដែលខ្សែទូរសព្ទនេះដំណើរការ និងរបៀបប្រើប្រាស់ខ្សែទូរសព្ទនេះ។ គោលបំណងគឺដើម្បីជួយបង្កើនការយល់ដឹង និងផ្សព្វផ្សាយអំពី 988 Lifeline។

ផ្នែកសំខាន់ៗផ្សេងទៀតរបស់សេចក្ដីព្រាងច្បាប់នេះរួមបញ្ចូល ការងារសំដៅទៅកំណត់ទីតាំងរួមគ្នា ដើម្បីកែលម្អការផ្ទេរការហៅទូរសព្ទដោះស្រាយវិបត្តិសុខភាពផ្លូវចិត្តដែលហៅទៅលេខ 911។ នេះមានន័យថា អ្នកប្រឹក្សាដោះស្រាយវិបត្តិ 988 ដែលស្ថិតនៅទីតាំងដូចគ្នាដែលជាអ្នកបញ្ជូន 911 អាចទទួលការហៅទូរសព្ទទាំងនេះ និងផ្ដល់ជំនួយបាន។

គំនិតផ្តួចផ្តើមស្ដីពីការបង្វែរហៅទូរសព្ទដោះស្រាយវិបត្តិសុខភាពផ្លូវចិត្ត

988 Lifeline នៅថ្មីនៅឡើយទេ។ មនុស្សជាច្រើននៅរដ្ឋវ៉ាស៊ីនតោនបន្តទាក់ទងទៅលេខ 911 ពាក់ព័ន្ធនឹងក្ដីបារម្ភអំពីសុខភាពផ្លូវចិត្ត និងការប្រើប្រាស់សារធាតុញៀន ទោះបីជាអ្នកប្រឹក្សាដោះស្រាយវិបត្តិ 988 ដែលឆ្លងកាត់ការបណ្ដុះបណ្ដាលអាចផ្ដល់ជំនួយបានល្អប្រសើរជាងនៅក្នុងករណីទាំងនេះក៏ដោយ។

Washington State Department of Health (DOH) កំពុងសហការជាមួយមជ្ឈមណ្ឌលដោះស្រាយវិបត្តិ 988 Lifeline នៃរដ្ឋវ៉ាស៊ីនតោន និង Public Safety Answering Point (មជ្ឈមណ្ឌលហៅទូរសព្ទផ្នែកសុវត្ថិភាពសាធារណៈ) ឬ PSAP ចំនួន 3 (មជ្ឈមណ្ឌល 911) លើការសាកល្បងកម្រិតតូចមួយដែលមានឈ្មោះថា គំនិតផ្តួចផ្តើមស្ដីពីការបង្វែរហៅទូរសព្ទដោះស្រាយវិបត្តិសុខភាពផ្លូវចិត្ត។ គំនិតផ្តួចផ្តើមនេះមានគោលបំណងចម្បងពីរ៖

  1. ជួយមនុស្សដែលមានវិបត្តិភ្ជាប់ទៅកាន់អ្នកប្រឹក្សាដោះស្រាយវិបត្តិដែលឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងងាយស្រួល និងឆាប់រហ័ស
  2. បង្វែរការហៅទូរសព្ទដោះស្រាយវិបត្តដែលហៅទៅលេខ 911 ដើម្បីជួយកែលម្អបទពិសោធន៍របស់អ្នកហៅទូរសព្ទ និងបន្ថយការលំបាកលើសេវាសង្គ្រោះបន្ទាន់

កម្មវិធីសាកល្បងនេះបានចាប់ផ្ដើមដំណើរការនៅខែកញ្ញា ឆ្នាំ 2023។ គោលដៅរបស់កម្មវិធីនេះគឺដើម្បីឱ្យមានអ្នកប្រឹក្សាដោះស្រាយវិបត្តិចាប់ផ្ដើមធ្វើការនៅទីតាំងចំនួន 3 ក្នុងចំណោម PSAP ចំនួន 65 របស់រដ្ឋនៅខែមករា ឆ្នាំ 2024។ ក្នុងករណីមួយចំនួន អ្នកប្រឹក្សាដោះស្រាយវិបត្តិនឹងត្រូវស្ថិតនៅ PSAP (លើកទូរសព្ទនៅទីតាំងនោះ)។ ក្នុងករណីផ្សេងទៀត អ្នកប្រឹក្សាដោះស្រាយវិបត្តិទាំងនេះនឹងធ្វើការយ៉ាងជិតស្និតជាមួយ PSAP ពីទីតាំងផ្សេង។

កម្មវិធីសាកល្បងនេះនឹងដំណើរការចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ 2024។ កម្មវិធីនេះមានគោលបំណងកែលម្អលទ្ធភាពទទួលបានជំនួយសុខភាពផ្លូវចិត្តជាមួយការពន្យារពេលតិចតួច ដោយដាក់ឱ្យមានអ្នកប្រឹក្សាដោះស្រាយវិបត្តិ 988 Lifeline ជួយពាក់ព័ន្ធនឹងការហៅទូរសព្ទទៅលេខ 911 ដែលស័ក្ដិសមសម្រាប់ការហៅទៅ 988 ជាង។ ការធ្វើបែបនេះក៏នឹងអនុញ្ញាតឱ្យអ្នកឆ្លើយតបដំបូងផ្ដោតលើការសង្គ្រោះបន្ទាន់ដែលត្រូវការបញ្ជូនទៅលេខ 911 ផងដែរ។

ទិន្នន័យពីកម្មវិធីសាកល្បងនេះនឹងជួយ DOH និងដៃគូក្នុងការសម្រេចថាតើត្រូវពង្រីកសេវា 988 Lifeline វ៉ាស៊ីនតោនតាមវិធីនេះឬអត់។

សូមទាក់ទងទៅប្រអប់សារកម្មវិធី 988 ដោយភ្ជាប់ជាមួយសំណួរ។

មជ្ឈមណ្ឌលហៅទូរសព្ទដោះស្រាយវិបត្តិ

រដ្ឋវ៉ាស៊ីនតោនមានមជ្ឈមណ្ឌលដោះស្រាយវិបត្តិ 988 Lifeline ចំនួនបីដែលទទួលទូរសព្ទពីជុំវិញរដ្ឋ៖

  • Volunteers of America of Western Washington
  • Frontier Behavioral Health
  • Crisis Connections

ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានបញ្ជូនបន្តទៅមជ្ឈមណ្ឌលដោះស្រាយវិបត្តិមួយក្នុងចំណោមមជ្ឈមណ្ឌលទាំងនេះ ដោយផ្អែកលើផែនទីនៅខាងស្ដាំដៃ។ ការហៅទូរសព្ទត្រូវបានបញ្ជូនតាមលេខកូដតំបន់របស់អ្នក។

ឥឡូវនេះ មជ្ឈមណ្ឌលដោះស្រាយវិបត្តិកំពុងជ្រើសរើសបុគ្គលិកផ្នែកថែទាំ! ប្រសិនបើអ្នកចាប់អារម្មណ៍នឹងអាជីពជួយមនុស្សមានវិបត្តិ សូមដាក់ពាក្យសុំធ្វើការជាមួយមជ្ឈមណ្ឌលដោះស្រាយវិបត្តិ (មានជាភាសាអង់គ្លេស)។

សំណួរចោទសួរជាញឹកញាប់

តើ National Suicide Prevention Lifeline (NSPL, ខ្សែទូរសព្ទសង្គ្រោះជីវិតទប់ស្កាត់អត្តឃាតជាតិ) គឺជាអ្វី ហើយតើខ្សែទូរសព្ទសង្គ្រោះជីវិតពេលមានវិបត្តិ និងអត្តឃាត 988 ប្រើជំនួស NSPL ឬអត់?

NSPL គឺជាបណ្ដាញជាតិនៃមជ្ឈមណ្ឌលដោះស្រាយវិបត្តិក្នុងតំបន់ ឯករាជ្យ និងផ្ដល់ថវិកាដោយរដ្ឋ។ មជ្ឈមណ្ឌលទាំងនេះត្រូវបានបំពាក់បរិក្ខារដើម្បីឆ្លើយតប និងជួយមនុស្សកំពុងមានទុក្ខព្រួយផ្លូវអារម្មណ៍ ឬកំពុងមានគំនិតចង់ធ្វើអត្តឃាត។

Lifeline ពេលមានវិបត្តិ និងអត្តឃាត 988 មិនប្រើជំនួសលេខទូរសព្ទ NSPL ដប់ខ្ទង់ទេ ប៉ុន្តែផ្ដល់វិធីមួយទៀតដែលកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការទាក់ទងទៅមជ្ឈមណ្ឌលដោះស្រាយវិបត្តិកាន់តែច្រើន។ អ្នកអាចទាក់ទងទៅ 988 Lifeline ឬហៅទូរសព្ទទៅ 1-800-273-TALK (8255) ក៏បានដើម្បីឱ្យគេភ្ជាប់។

តើមានអ្វីកើតឡើង នៅពេលខ្ញុំហៅទូរសព្ទទៅលេខ 988?

នៅពេល​ហៅ​ទូរសព្ទ​ទៅ​លេខ 988 អ្នកនឹង​ឮសារ​ស្វាគមន៍ស្វ័យប្រវត្តិដែលបង្ហាញជម្រើសបន្ថែម (ជម្រើសទី 1 សម្រាប់ Veterans Crisis Line, ជម្រើសទី 2 សម្រាប់ Spanish Line, ជម្រើសទី 3 សម្រាប់ LGBTQI+ Youth Subnetwork Line និងជម្រើសទី 4 សម្រាប់ Native and Strong Lifeline)។

ប្រសិនបើអ្នកនៅបន្តនៅលើខ្សែទូរសព្ទដោយមិនជ្រើសរើសជម្រើសណាមួយក្នុងចំណោមជម្រើសទាំងនេះទេ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានភ្ជាប់ទៅកាន់មជ្ឈមណ្ឌលដោះស្រាយវិបត្តិ 988 Lifeline ក្នុងមូលដ្ឋាន (ដោយផ្អែកតាមលេខកូដតំបន់របស់អ្នក)។ ប្រសិនបើមជ្ឈមណ្ឌលដោះស្រាយវិបត្តិក្នុងតំបន់មិនអាចទទួលទូរសព្ទបានទេ អ្នកនឹងត្រូវបានភ្ជាប់ទៅកាន់មជ្ឈមណ្ឌលដោះស្រាយវិបត្តិមួយទៀតនៅក្នុងរដ្ឋវ៉ាស៊ីនតោន ឬមជ្ឈមណ្ឌលដោះស្រាយវិបត្តិបម្រុងរបស់ជាតិដោយស្វ័យប្រវត្តិ។ ក្រាហ្វព័ត៌មាននេះ (មានជាភាសាអង់គ្លេស) មានព័ត៌មានបន្ថែមអំពីរបៀបដែលការហៅទូរសព្ទទៅលេខ 988 Lifeline ត្រូវបានភ្ជាប់។

អ្នកប្រឹក្សាដោះស្រាយវិបត្តិដែលឆ្លងកាត់ការបណ្ដុះបណ្ដាលនឹងទទួលការហៅទូរសព្ទ សារជាអក្សរ ឬសារជជែករបស់អ្នក។ អ្នកប្រឹក្សានេះនឹងស្ដាប់អ្នក ស្វែងយល់អំពីអ្វីដែលអ្នកកំពុងជួបប្រទះ ផ្ដល់ជំនួយ និងសហការជាមួយអ្នកតាមវិធីនានា ដើម្បីឱ្យមានអារម្មណ៍ប្រសើរឡើង។ អ្នកប្រឹក្សាក៏អាចភ្ជាប់អ្នកទៅជំនួយ ឬធនធានបន្ថែមបានផងដែរ។

សេវា 988 Lifeline ផ្សាយផ្ទាល់មានជាភាសាអង់គ្លេស អេស្ប៉ាញ និង ASL។ Lifeline ក៏ផ្ដល់សេវាបកប្រែផ្ទាល់មាត់ជាង 240 ភាសាសម្រាប់អ្នកដែលហៅទូរសព្ទទៅលេខ 988 ផងដែរ។ សេវាបកប្រែផ្ទាល់មាត់ត្រូវបានផ្ដល់ជូនដោយ Language Line Solutions។

តើ Lifeline ពេលមានវិបត្តិ និងអត្តឃាត 988 ចាប់ផ្ដើមដំណើរការទូទាំងប្រទេសនៅពេលណា?

ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2022។ ឥឡូវនេះ លេខកូដហៅទូរសព្ទ 988 អាចប្រើបានទូទាំងប្រទេស។

តើសេវា 988 ខុសពីប្រព័ន្ធ 911 ដូចម្ដេច?

988 Lifeline ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យលទ្ធភាពទទួលបានសេវាដោះស្រាយវិបត្តិកាន់តែប្រសើរឡើងតាមវិធីដែលបំពេញតាមតម្រូវការថែទាំក្នុងពេលមានវិបត្តិពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត និងការធ្វើអត្តឃាតដែលកំពុងកើនឡើងក្នុងប្រទេស។ លេខ 988 ផ្ដល់នូវលទ្ធភាពចូលប្រើមជ្ឈមណ្ឌលដោះស្រាយវិបត្តិ និងធនធានដោះស្រាយវិបត្តិ។ មជ្ឈមណ្ឌល និងធនធានដោះស្រាយវិបត្តិទាំងនេះមានភាពខុសប្លែកពីគោលបំណងរក្សាសុវត្ថិភាពសាធារណៈរបស់ប្រព័ន្ធ 911។ ប្រព័ន្ធ 911 ផ្ដោតលើការផ្ដល់ Emergency Medical Services (EMS, សេវាវេជ្ជសាស្ត្របន្ទាន់) បញ្ជូនក្រុមពន្លត់អគ្គិភ័យ និងប៉ូលីសនៅពេលចាំបាច់។

ប្រសិនបើខ្ញុំហៅទូរសព្ទទៅលេខ 988 តើក្រុមសង្គ្រោះបឋម ដូចជាប៉ូលីស ឬ EMS ជាដើមនឹងត្រូវបានបញ្ជូនមកដោយស្វ័យប្រវត្តិដែរទេ?

គោលដៅចម្បងនៃ 988 Lifeline គឺផ្ដល់ជំនួយសម្រាប់មនុស្សដែលមានគំនិតចង់ធ្វើអត្តឃាត មានវិបត្តិសុខភាពផ្លូវចិត្ត ឬមានទុក្ខព្រួយផ្លូវអារម្មណ៍ក្នុងគ្រាដែលពួកគេត្រូវការជំនួយបំផុត និងតាមវិធីដែលផ្ដោតលើតម្រូវការរបស់អ្នកមានវិបត្តិ។

ភាគច្រើនបំផុតនៃមនុស្សដែលស្វែងរកជំនួយពី 988 Lifeline មិនត្រូវការអន្តរាគមន៍បន្ថែមនៅក្នុងគ្រានោះទេ។ នៅទូទាំងប្រទេស ការហៅទូរសព្ទ ការផ្ញើសារជាអក្សរ និងការផ្ញើសារជជែកទៅលេខ 988 ដែលត្រូវការសេវាសង្គ្រោះបន្ទាន់ដូចជា 911 មានតិចជាង 2%។ ទោះបីជាបញ្ហាសុខភាព និងសុវត្ថិភាពមួយចំនួនអាចត្រូវការការឆ្លើយតបពីភ្នាក់ងារអនុវត្តច្បាប់ ឬ EMS (ដូចជានៅពេលកំពុងមានការប៉ុនប៉ងធ្វើអត្តឃាតជាដើម) ការឆ្លើយតបដែលសម្របសម្រួលដោយ 988 Lifeline មានបំណងលើកកម្ពស់ស្ថិរភាព និងការថែទាំក្នុងវិធីដែលមិនសូវតឹងរ៉ឹងបំផុត។

តើការហៅទូរសព្ទទៅ 988 Lifeline នឹងបង្វែរទៅលេខ 911 ដែរទេ?

ការហៅទូរសព្ទទៅ 988 Lifeline មានភាគរយតិចតួចដែលត្រូវការប្រើប្រព័ន្ធ 911 នៅពេលមានហានិភ័យដែលហៀបនឹងកើតឡើងចំពោះជីវិតនរណាម្នាក់ដែលមិនអាចពន្យារពេលក្នុងអំឡុងពេលហៅទូរសព្ទ ផ្ញើសារជាអក្សរ ឬផ្ញើសារជជែក។ ក្នុងករណីទាំងនេះ អ្នកប្រឹក្សាដោះស្រាយវិបត្តិនឹងចែករំលែកព័ត៌មានជាមួយប្រព័ន្ធ 911 ដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកមានវិបត្តិ។

តើការហៅទូរសព្ទរបស់ខ្ញុំទៅលេខ 988 នឹងត្រូវបានថតទុកដែរទេ?

សារស្វាគមន៍របស់ 988 Lifeline បញ្ជាក់ថាការហៅទូរសព្ទអាចត្រូវបានតាមដាន ឬថតទុកក្នុងគោលបំណងធានាគុណភាព។ បន្ថែមពីនេះ មជ្ឈមណ្ឌលដោះស្រាយវិបត្តិនៅក្នុងបណ្ដាញ 988 Lifeline អាចប្រើសំឡេងថតនៃការហៅទូរសព្ទដោយឯករាជ្យក្នុងគោលបំណងបណ្ដុះបណ្ដាល។ ការធ្វើបែបនេះអាស្រ័យលើការអនុវត្តប្រសើរបំផុតរបស់មជ្ឈមណ្ឌល។

នៅពេលទាក់ទងទៅ 988 Lifeline អ្នកមិនចាំបាច់​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន ដើម្បី​ទទួល​បាន​សេវា​នោះ​ទេ។ ប្រព័ន្ធបណ្ដាញមានប្រព័ន្ធការពារសុវត្ថិភាពជាច្រើន ដើម្បីដោះស្រាយក្ដីកង្វល់អំពីឯកជនភាព។

តើ 988 Lifeline អាចប្រើសម្រាប់ក្ដីកង្វល់អំពីការប្រើប្រាស់សារធាតុញៀនបានទេ?

បាន អ្នកអាចហៅទូរសព្ទទៅលេខ 988 សម្រាប់ក្ដីកង្វល់អំពីការប្រើប្រាស់សារធាតុញៀន ប៉ុន្តែក្នុងករណីបន្ទាន់ដោយសារការប្រើហួសកម្រិត សូមហៅទូរសព្ទទៅលេខ 911 និងប្រើថ្នាំ Naloxone (មានជា 6 ភាសា)។

តើខ្សែទូរសព្ទសង្គ្រោះជីវិត​ពេលមានវិបត្តិ និងអត្តឃាត 988 បានថវិកាមកពីណា?

សភាបានផ្ដល់ថវិកាសម្រាប់ក្រុមការងារនៃ Department of Health and Human Services តាមរយៈ American Rescue Plan (គម្រោងសង្គ្រោះអាមេរិក) ដោយថវិកាមួយចំនួនផ្ដល់សម្រាប់ក្រុមការងារ 988 Lifeline។

សំណើសុំថវិកាក្នុងឆ្នាំសារពើពន្ធ 2022 របស់ប្រធានាធិបតីផ្ដល់ថវិកាបន្ថែមសម្រាប់ 988 Lifeline និងសម្រាប់ប្រភពថវិកាដោះស្រាយវិបត្តិសហព័ន្ធផ្សេងទៀត។

នៅថ្នាក់រដ្ឋ បន្ថែមពីលើចរន្តថវិកាក្នុងវិស័យរដ្ឋ/ឯកជនដែលមានស្រាប់ National Suicide Hotline Designation Act ឆ្នាំ 2020 អនុញ្ញាតឱ្យរដ្ឋនានាអនុម័តថ្លៃសេវាទូរគមនាគមន៍ថ្មីក្នុងរដ្ឋ ដើម្បីគាំទ្រដល់ការដំណើរការ 988 Lifeline។

E2S HBs 1477 និង 1134 ទទួលបានថវិកាបន្ថែមពីពន្ធលើខ្សែទូរសព្ទ និងប្រូតូកូលទំនាក់ទំនងជាសំឡេងតាមអ៊ីនធឺណិត (VoIP) របស់រដ្ឋវ៉ាស៊ីនតោន។

តើ 988 Lifeline មានផ្ដល់ជូនជាភាសាអ្វីខ្លះ?

សេវា 988 Lifeline ផ្សាយផ្ទាល់មានផ្ដល់ជូនជាភាសាអង់គ្លេស អេស្ប៉ាញ និងភាសាសញ្ញាអាមេរិក (ASL)។ 988 Lifeline ប្រើប្រាស់ Language Line Solutions ដើម្បីផ្ដល់សេវាបកប្រែផ្ទាល់មាត់ជាង 240 ភាសាបន្ថែម។ បច្ចុប្បន្ន សារជាអក្សរ និងសារជជែកអាចប្រើជាភាសាអង់គ្លេស និងអេស្ប៉ាញតែប៉ុណ្ណោះ។

តើ 988 Lifeline ជួយសម្រួលដល់មនុស្សពិបាកស្ដាប់ ឬពិការភ្នែកដែរទេ?

បច្ចុប្បន្ន 988 Lifeline ផ្ដល់សេវាសម្រាប់អ្នកប្រើប្រាស់ TTY តាមរយៈសេវាបញ្ជូនបន្តដែលពួកគេចង់ប្រើ ឬតាមរយៈការហៅទូរសព្ទទៅលេខ 711 រួចចុចលេខ 988។ 988 Lifeline ក៏ផ្ដល់សេវាតាមរយៈសារជជែក និងសារជាអក្សរផងដែរ។ អ្នកក៏អាចទទួលបានជំនួយជាភាសាសញ្ញាអាមេរិក (ASL) ដោយចូលទៅកាន់គេហទំព័រ 988 Lifeline ជ្រើសរើស “For Deaf & Hard of Hearing (សម្រាប់មនុស្សថ្លង់ និងពិបាកស្ដាប់)” និងជ្រើសរើស “ASL Now (ASL ឥឡូវនេះ)” នៅលើទំព័របន្ទាប់បានផងដែរ។

Substance Abuse and Mental Health Services Administration (SAMHSA, រដ្ឋបាលការប្រើសារធាតុញៀន និងបញ្ហាសុខភាពផ្លូវចិត្ត) គឺជាទីភ្នាក់ងារឈានមុខគេរបស់សហព័ន្ធក្នុងកិច្ចសហការជាមួយ Federal Communications Commission (FCC) និង Department of Veterans AffairsVibrant Emotional Health គឺជាស្ថាប័នគ្រប់គ្រងរដ្ឋបាលជាតិលើ Lifeline ពេលមានវិបត្តិ និងអត្តឃាត 988។

(តំណខាងលើមានជាភាសាអង់គ្លេសតែប៉ុណ្ណោះ)

ធនធាន

911 logo

911

បុគ្គលិកឆ្លើយឆ្លងដែលទទួលបានការបណ្ដុះបណ្ដាលនឹងលើកទូរសព្ទ និងឆ្លើយតបសារ ហើយបញ្ជូនមន្ត្រីប៉ូលិស អគ្គិភ័យ ឬសេវារថយន្តសង្គ្រោះ ទៅជួយមនុស្សកំពុងមានបញ្ហាអាសន្ន ដែលអាចគ្រោះថ្នាក់ដល់ជីវិត ឬទ្រព្យសម្បត្តិ។ 911 មានផ្ដល់ជូន 24/7 និង 365 ថ្ងៃក្នងមួយឆ្នាំ។

ហៅទូរសព្ទ ឬផ្ញើសារទៅ 911 សម្រាប់៖

  • គ្រោះថ្នាក់ចរាចរណ៍
  • ចោរគាស់ ឬលុកលុយផ្ទះ
  • អំពើហិង្សាលើរាងកាយ ឬបង្ករបួស
  • អគ្គិភ័យ
  • ប្រើថ្នាំលើសកម្រិត ឬបង្ករបួសខ្លួនឯងធ្ងន់ធ្ងរ
  • សន្លប់
  • កំពុងប៉ុនប៉ងធ្វើអត្តឃាត
988 logo

988

អ្នកប្រឹក្សាដោះស្រាយវិបត្តិដែលទទួលបានការបណ្ដុះបណ្ដាលនឹងលើកទូរសព្ទ និងឆ្លើយតបសារ ហើយផ្ដល់ជំនួយជាសម្ងាត់ដល់មនុស្សកំពុងមានវិបត្តិសុខភាពផ្លូវចិត្ត ក្ដីកង្វល់អំពីការប្រើប្រាស់សារធាតុញៀន ឬមានគំនិតចង់ធ្វើអត្តឃាត។ អ្នកប្រឹក្សាដោះស្រាយវិបត្តិ 988 ក៏អាចចែករំលែកធនធានសហគមន៍សម្រាប់ជំនួយជាបន្តបន្ទាប់ផងដែរ។ 988 មានផ្ដល់ជូន 24/7 និង 365 ថ្ងៃក្នងមួយឆ្នាំ។

ទាក់ទងទៅ 988 សម្រាប់៖

  • គំនិតចង់ធ្វើអត្តឃាត
  • ថប់បារម្ភ បាក់ទឹកចិត្ត ឬស្លន់ស្លោ
  • ក្ដីកង្វល់អំពីការប្រើប្រាស់សារធាតុញៀន
  • មានអារម្មណ៍ទុក្ខព្រួយ ឬមានវិបត្តិ

ហៅទូរសព្ទ ឬផ្ញើសារទៅ៖ 988

សារជជែក៖ 988lifeline.org/chat

TTY៖ ចុចទៅលេខ 711 បន្ទាប់មក 988

ហៅទូរសព្ទជាវីដេអូសម្រាប់ ASL៖ https://988lifeline.org/help-yourself/for-deaf-hard-of-hearing/

211 logo

211

អ្នកជំនាញផ្នែកព័ត៌មាន និងណែនាំបន្តដែលទទួលបានការបណ្ដុះបណ្ដាលនឹងផ្ដល់ជំនួយសម្រាប់តម្រូវការសេវាសង្គម និងសុខភាពដោយភ្ជាប់មនុស្សជាមួយសេវាក្នុងតំបន់ និងធនធានសហគមន៍។ ម៉ោងធ្វើការរបស់ 211 ខុសគ្នាទៅតាមទីតាំងរបស់អ្នក។ មជ្ឈមណ្ឌលហៅទូរសព្ទមួយចំនួនបើកពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ហើយមួយចំនួនទៀតបើកប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍។

ទាក់ទងទៅ 211 សម្រាប់ជំនួយពាក់ព័ន្ធនឹងការស្វែងរកសេវា និងធនធានក្នុងតំបន់សម្រាប់៖

  • តម្រូវការអាហារ ជម្រក ឬមធ្យោបាយធ្វើដំណើរ
  • ជំនួយសម្រាប់ការជួល លំនៅឋាន និងចំណាយលើសេវាសាធារណៈ
  • តម្រូវការថែទាំសុខភាព និងអនាម័យសម្រាប់ខ្លួនអ្នក ឬអ្នកផ្សេងទៀត
  • ជំនួយអ្នកថែទាំគ្មានប្រាក់ឈ្នួល
  • ជំនួយសម្រាប់ការអប់រំ និងការងារ
  • ជំនួយមនុស្សចាស់ និងមនុស្សដែលរស់នៅដោយមានពិការភាព

ទូរសព្ទទៅ៖ 211

ផ្ញើសារជាអក្សរ៖ លេខកូដតំបន់ទៅ 898211

សារជជែក៖ 211kingcounty.org

TTY៖ ចុចទៅលេខ 711 បន្ទាប់មក 211

Care Connect WA Logo

Community Care Hubs

អ្នកសម្របសម្រួលផ្នែកថែទាំជួយមនុស្ស និងគ្រួសាររបស់ពួកគេដែលមានតម្រូវការស្មុគស្មាញ ឬតម្រូវការច្រើនសម្រាប់ជម្រក មធ្យោបាយធ្វើដំណើរ ការថែទាំសុខភាព និងច្រើនទៀត។ មជ្ឈមណ្ឌលថែទាំសហគមន៍ប្រចាំតំបន់ភ្ជាប់ និងសម្របសម្រួលជាមួយស្ថាប័នក្នុងតំបន់ ដើម្បីផ្ដល់ការថែទាំតាមសហគមន៍ជាបន្តបន្ទាប់ និងជួយមនុស្សតាមរយៈដំណើរការនៃការបំពេញតម្រូវការរបស់ពួកគេ។

សូមទាក់ទងទៅ Community Care Hubs (មជ្ឈមណ្ឌលថែទាំសហគមន៍) សម្រាប់ជំនួយពាក់ព័ន្ធនឹងលំនៅឋាន អាហារ ជម្រក មធ្យោបាយធ្វើដំណើរ ការថែទាំសុខភាព ជំនួយហិរញ្ញវត្ថុ និងច្រើនទៀត។

មជ្ឈមណ្ឌលហៅទូរសព្ទដែលដាក់បញ្ជូនការណែនាំបន្តទៅ Community Care Hubs បើកដំណើរការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង 9 ព្រឹកដល់ម៉ោង 7 យប់ និងថ្ងៃសៅរ៍ពីម៉ោង 9 ព្រឹកដល់ម៉ោង 1 រសៀល។

ទូរសព្ទទៅ៖ 1-833-453-0336

Washington Poison Center logo

Washington Poison Center

Washington Poison Center (WAPC) ផ្ដល់ដំបូន្មានអំពីការព្យាបាលភ្លាមៗដោយឥតគិតថ្លៃ និងជំនួយពីគិលានុបដ្ឋាក ឱសថការី និងអ្នកផ្ដល់ព័ត៌មានអំពីជាតិពុលដែលទទួលបានការបណ្ដុះបណ្ដាល

ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់បានលេប ឬប៉ះពាល់ជាមួយសារធាតុពុល ឬអាចបង្កគ្រោះថ្នាក់ អ្នកអាចសុំជំនួយជាសម្ងាត់តាមទូរសព្ទ 24/7/365។ WAPC ផ្ដល់ព័ត៌មាន និងជំនួយជា 140 ភាសា។

អ្នកជំនាញដែលលើកទូរសព្ទរបស់អ្នកអាចផ្ដល់ព័ត៌មានបន្ថែមអំពីការព្យាបាល និងផ្ដល់ការណែនាំថាពេលណាត្រូវទៅបន្ទប់សង្គ្រោះបន្ទាន់ ឬរកការព្យាបាលវេជ្ជសាស្ត្រផ្សេងទៀត។

ទូរសព្ទទៅ៖ 1-800-222-1222

TTY៖ ទូរសព្ទទៅលេខ 711 ដើម្បីសួរព័ត៌មានអំពីសេវាកម្ម Washington Relay

លេខទំនាក់ទំនងពេលមាន​វិបត្តិ​

(ប្រសិនបើមិនបានកត់សម្គាល់ទេ មានផ្ដល់ជូនជាភាសាអង់គ្លេសតែប៉ុណ្ណោះ)

ធនធានតាមរយៈ 988

ធនធានទាំងនេះមួយចំនួនមានជាភាសាផ្សេងទៀត។ ប្រើប៊ូតុងជ្រើសរើសភាសាពណ៌ទឹកក្រូចនៅផ្នែកខាងលើនៃទំព័រនេះ ដើម្បីរកមើលធនធានជាភាសារបស់អ្នក។